ឯកឧត្តម វ៉ី សំណាង ដាក់បទបញ្ជា ឱ្យរុះរើប៉ាណូផ្សព្វផ្សាយស្រាបៀរគ្រប់ប្រភេទចេញ មិនចង់ឲ្យពលរដ្ឋកំពង់ស្ពឺ ក្លាយខ្លួនជាអ្នកប្រមឹកស្រា

កំពង់ស្ពឺ៖  ឯកឧត្តម វ៉ី  សំណាង អភិបាលនៃគណះអភិបាល ខេត្តកំពង់ស្ពឺបានដាក់បទបញ្ជាទៅដល់មន្ទីរពាក់ពន្ធ័ឱ្យចាប់ផ្តើមជូនដំណឹងរុះរើចេញជាបន្ទាន់នូវស្លាកប៉ាណូដែលបានលើកតាំងផ្សព្វផ្សាយផលិតផលស្រាបៀរផ្សេងៗ និងមិនឱ្យមានលក់ស្រាបៀរ ខណៈអ្នកខេត្តកំពង់ស្ពឺ ជាអ្នកពូកែខាងរៀនសូត្រចេះដឹងខាងអក្សរសាស្ត្រ មិនមែនជាអ្នកប្រមឹកខួបនោះទេ ។ ការលើកឡើងដូច្នេះនៅក្នុងកិច្ចប្រជុំបន្ទាន់មួយជាមួយគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ក្នុងក្របខណ្ឌខេត្តខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ។
ឯកឧត្តម បានលើកឡើងថា សម្តេចសង្ឃរាជ ជួន ណាត ជាអ្នកដើមកំណើតនៅខេត្តកំពង់ស្ពឺ ហើយត្រូវបានចាត់ជាអ្នកប្រាជ្ញ ដែលបានចងក្រងស្នាដៃនិពន្ធជាច្រើនរួមទាំងវចនានុក្រមខ្មែរសម្រាប់កូនចៅគ្រប់ជំនាន់ក្រោយៗប្រើប្រាស់ ហើយព្រះអង្គជាឈាមជ័រកូនកសិកររស់នៅខេត្តកំពង់ស្ពឺរហូតរៀងមក ដូច្នេះមិនមែនជាអ្នកដែលខ្ជិលច្រអូសដូចពាក្យគេតែងនិយាយបង្អាប់ថា (អ្នកកំប៊ុងប៊ឺ រលាក់កងជើង)នោះដូចមុនទៀតទេ ហើយមួយវិញទៀតក៏មិនមែនជាអ្នកផឹកស៊ីអ៊ួរទីនួរនោះដែរ ។ ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ លើកឡើងដូច្នេះគឺសំដៅដល់ការផ្សព្វផ្សាយផលិតផលស្រាបៀរ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋសាធារណៈ ពិសេសប៉ះពាល់ដល់យុទ្ធនាការផ្សព្វផ្សាយវិធានការទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ជាដើម ។
ឯកឧត្តមបានសង្កត់ធ្ងន់ថាការទទួលទានស្រា ឬ គ្រឿងស្រវឹង ឬ ទឹកប្តូរនិស្ស័យគឺធ្វើឱ្យមនុស្សប្រែនូវអត្តចារិក ប្រែនិស្ស័យ នាំឱ្យមានហឹង្សាក្នុងគ្រួសារ និងនាំឱ្យមានការជួបជុំដែលប៉ះពាល់ដល់វិធានការទប់ស្កាត់ជំងឺកូវីដ-១៩យ៉ាងសំខាន់ ។ ចាប់ពីពេលនេះតទៅសុំឱ្យមានការរុះរើប៉ាណូផ្សព្វផ្សាយផលិតផលស្រាបៀរទាំងអស់ចេញពីក្របខណ្ឌដែនដី ខេត្តកំពង់ស្ពឺ ដោយដាក់ជំនួសមកវិញនូវប៉ាណូទាំងឡាយណាដែលជួយដល់សុខភាពពលរដ្ឋទូទៅ ព្រោះប៉ាណូទាំងនេះវាគ្មានចំនេញអីដល់សង្គមជាតិនោះទេ ។
ជុំវិញការដាក់បទបញ្ជាឱ្យធ្វើការរុះរើចេញនេះដែរ ឯកឧត្តមបានចាត់ អភិបាលរងខេត្ត ម្នាក់ដើម្បីដឹកនាំចាត់វិធានការលើការងារនេះឱ្យមានប្រសិទ្ធិភាពនិងតម្លាភាពហើយមន្ទីរពាក់ពន្ធ័ត្រូវចូលរួមអនុវត្ត ។ មួយវិញទៀតអង្គប្រជុំក៏បានជំរុញឱ្យគណៈកម្មការត្រួតពិនិត្យការអនុវត្តនៅការពិន័យអន្តរការណ៍ចំពោះបុគ្គលដែលមិនគោរពវិធានការរដ្ឋបាល និងវិធានសុខាភិបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ៕ដោយ៖ឈូក វណ្ណី

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More