អង្គការថែរក្សាការពារធម្មជាតិបានចេញសេចក្តីប្រកាសព័ត៌មានគាំទ្រការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ

កំពង់ឆ្នាំង ៖ថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៤អង្គការថែរក្សាការពារធម្មជាតិ តំណាងឱ្យថ្នាក់ដឹកនាំ សមាជិក សមាជិកា ទាំងអស់ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ជុំវិញការអនុវត្តគម្រោង ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា។

គម្រោង ព្រែកជីកហ្វូណន-តេជោ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ។ គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្ដល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន អចលនទ្រព្យ និងការវិនិយោគផ្សេងៗ ហើយត្រូវបានរាជរដ្ឋាភិបាល ដាក់ប្រសិទ្ធនាមថាជា (គម្រោងព្រែកជីកហ្វូណនតេជោ)។

អង្គការថែរក្សាការពារធម្មជាតិ យល់ឃើញថាចំពោះការអនុវត្តគម្រោង ព្រែកជីកហ្វូណនតេជោ នឹងផ្ដល់ផលចំណេញលើតម្លៃដឹកជញ្ជូន ថែមទាំងជួយកាត់បន្ថយពេលវេលា ចម្ងាយ និងថវិកា កាត់បន្ថយនីតិវិធីសម្រាប់នាវា និងទំនិញចេញ-ចូល ធ្វើឱ្យចំណេញ និងបង្កើនល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ធ្វើសមាហរណកម្មដឹកជញ្ជូនតាមផ្លូវទឹក តាមរយៈការពង្រីកការតភ្ជាប់ពហុមធ្យោបាយដឹកជញ្ជូន កាត់បន្ថយការខូចខាតផ្លូវថ្នល់ និងការកកស្ទះចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍លើផ្លូវថ្នល់ជាដើម។ ជាពិសេសគម្រោងព្រែកជីកហ្វូណនតេជោ គឺនឹងអាចជួយពង្រីកវិសាលភាពនៃការប្រើប្រាស់សក្តានុពល លើការដឹកជញ្ជូនតាមផ្លូវទឹក សំដៅចូលរួមលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចសង្គមឱ្យកាន់តែមានការរីកចម្រើនឈានទៅមុខមួយកម្រិតថែមទៀត។

អង្គការថែរក្សាការពារធម្មជាតិ សូមសម្តែងការគាំទ្រលើគំនិតនៃការផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជុំវិញនៃការកសាងសមិទ្ធផលថ្មីជូនជាតិមាតុភូមិកម្ពុជា ដោយបានបង្កើតនូវគម្រោងព្រែកជីកហ្វូណនតេជោ នេះឡើងចាប់តាំងពីអាណត្តិទី៦ រហូតមកដល់អាណត្តិទី៧ ក្នុងការបន្តស្នាដៃក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោងព្រែកជីកហ្វូណនតេជោឱ្យកាន់តែរីកចម្រើនតទៅអនាគត៕

 

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More