នាយខណ្ឌជលផលខេត្តកំពង់ឆ្នាំង បញ្ជាក់ថា លោកបានចាត់អោយក្រុមការងារចុះ ទៅធ្វើការលើក្រុមអ្នកនេសាទ នាម ហើយ

ខេត្តកំពង់ឆ្នាំង ៖ សាធារណជនសង្កេតឃើញ ថា សកម្មភាពបង្ក្រាបរបស់សមត្ថកិច្ចជលផល ខេត្តកំពង់ឆ្នាំង នៅរដូវទឹកសំរក ឆ្នាំនេះ ហាក់ដូចជាមានសន្ទុះក្ដៅគគុក ល្មមនឹងអាច ជឿជាក់បាន ប៉ុន្តែពេលដែលក្រុម បទល្មើសនេសាទ នាម កើតមាន យ៉ាងសកម្មនិងពេញ ទំហឹងនោះស្រាប់តែស្ងាត់ជ្រៀប ធ្វើឱ្យ សាធារណជនយល់ច្រឡំថា ត្រូវថ្នាំសណ្ដំជាប្រព័ន្ធហើយ។

ឧបករណ៍ នេសាទនាម ដែលគ្មានច្បាប់អនុញ្ញាតនេះ បាននិងកំពុងធ្វើសកម្មភាព នៅដែននេសាទ ខេត្តកំពង់ឆ្នាំង ក្នុងស្រុក កំពង់ត្រឡាច និងស្រុកជលគិរី ជាប្រចាំ។ នៅពេលខ្លះ គេក៏ឃើញ ចូលនេសាទ ទៅដល់ ស្រុកកំពង់លែង ម្ដុំភូមិដូនវៀត ភូមិកោះក្អែក និងក្រុងកំពង់ឆ្នាំង ផងដែរ ដូចជា នៅម្ដុំ ព្រែកតាពាំង ក្នុងភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ជាដើម។

ពាក់ព័ន្ធករណីនេះ លោក លី ឡា នាយខណ្ឌជលផលខេត្តកំពង់ឆ្នាំង ឲ្យដឹងថា លោកបានចាត់អោយក្រុមការងារចុះ ទៅធ្វើការហើយ ហើយក្រុមអ្នកនេសាទទាំងនោះ គឺស្ថិតនៅព្រំប្រទល់ខេត្តកណ្តាល និងនៅក្បែរៗនោះ មិនបានឡើងមកដល់នោះទេ។

ប៉ុន្តែទោះជាយ៉ាងណាក្ដី ទូកនេសាទ នាម ទាំងនេះ មានចំនួន ៧គ្រឿង បានធ្វើ សកម្មភាព យ៉ាងសកម្ម និងពេញទំហឹង នៅខេត្ត កំពង់ឆ្នាំង ក្នុងបណ្ដា ស្រុកខាងលើ ដោយទូកនាម នីមួយៗ ត ក្បាល ត កន្សៃ សរុបប្រវែង ប្រមាណពី១៦ ទៅ២០ម៉ែត្រ និងអូសដោយ កម្លាំងម៉ាស៊ីន ធន់ធំ មានពី៤ ទៅ៦ម៉ាស៊ីន ក៏មាន និងមាន ឧបករណ៍ ខារ ត្រើយ សាច់អួនទៀតផង។
មនុស្សជំនិត លោក ហេង សុជា ហៅដេប ជាអ្នករត់ការ ទូកនាម ទាំង០៧គ្រឿង នេះ បានទម្លាយ ឱ្យដឹងថា ឆ្នាំនេះ អស់ច្រើន ណាស់ ទំរាំ ទាក់ទង មេធំត្រូវ ចំណែកសង្កាត់ ផ្នែក ខណ្ឌគឺអូខេ អស់ហើយ។

អ្នកជំនិតនេះ បន្តថា កន្លងមក ស្ទះតែ មេធំទេ ហេតុនេះ ម្ដងជលផល ឱ្យធ្វើ -ម្ដងឱ្យផ្អាក តែឥឡូវ មេធំព្រម ទទួលហើយ។ ប៉ុន្តែគឺអស់ច្រើន ហើយមានជំនួយពី ថ្នាក់ក្រោម ទៅជួយ សម្រួល ទៀតផង។
អញ្ចឹងទេដឹង ទើបស្ងាត់ជ្រៀបហើយបទល្មើសនេះ ក៏វាតទី ដែននេសាទកាន់តែទូលាយ ជិតដល់ទន្លេមុខផ្សារក្រោម ក្រុងកំពង់ឆ្នាំង ទំនងជាមានចេតនា បង្អួតភ្នែកចៅហ្វាយខេត្តទេដឹង.?។

មហាជនសុំឱ្យក្រសួងកសិកម្ម និងរដ្ឋបាលជលផល ពិនិត្យសកម្មភាពបទល្មើសនេសាទ នាម នេះ ក៏ដូចជាចំណុចស្ងប់ស្ងៀមរបស់សមត្ថកិច្ចទាំងនេះ ដូចជា សង្កាត់ផ្នែកនិងខណ្ឌជលផលជាដើម ៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More