អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា​ ២៥នាក់​ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង​ ទទួលបានចំណេះដឹង​ ស្តីពី «ការងារស្ម័គ្រចិត្ត​ និងវិជ្ជាសង្គ្រោះបឋម​» ដេីម្បីជួយដល់ប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន​ …!!

លោកជំទាវ​ ពុំ​ ចន្ទីនី​ អគ្គលេខាធិការ​ កាកបាទក្រហមកម្ពុជា​ នៅថ្ងៃទី​ ១៧​ ខែមីនា​ ឆ្នាំ​២០២២នេះ​ បានអញ្ជេីញជាអធិបតីបិទវគ្គបណ្តុះបណ្តាលស្តីពី​ «ការងារស្ម័គ្រចិត្ត​ របស់អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា​» ជូនដល់អ្នកស្ម័គ្រចិត្ត​ សរុប ២៥នាក់​ ដែលរស់នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង​ ឃុំព្រងិល​ ស្រុកភ្នំក្រវាញ​ ខេត្តពោធិ៍សាត់​។

វគ្គបណ្តុះបណ្តាលខាងលេីនេះ​ បានប្រព្រឹត្តទៅរយៈពេល​ ២ថ្ងៃ​ ចាប់ពីថ្ងៃទី​ ១៦-១៧​ ខែមីនា​ ឆ្នាំ២០២២នេះ​ ដែលផ្តល់ដោយមន្ត្រីសាខាកាកបាទក្រហមកម្ពុជា​ ខេត្តពោធិ៍សាត់​ ជូនដល់អ្នកស្ម័គ្រចិត្ត​ សរុប ២៥នាក់​ ដែលទេីបបានជ្រេីស​រេីសថ្មី​ នៅក្នុងតំបន់អភិវឌ្ឍថ្មី​ ស្ថិតនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង​ ដេីម្បីផ្តល់សេវាកម្មមនុស្សធម៌ជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះ​ ដែលកំពុងរស់នៅក្នុងភូមិដែលទេីបអភិវឌ្ឍថ្មីនេះ។

ក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលនេះ​ លោកជំទាវ​ អគ្គលេខាធិការ​ បានពាំនាំប្រសាសន៍របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ដែលផ្តាំផ្ញេីសួរសុខទុក្ខ​ ថ្លែងអំណរគុណ​ និងកោតសរសេីរដល់អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាទាំងអស់​ ដែលបានលះបង់កម្លាំងកាយចិត្ត​ និងពេលវេលាដ៏មានតម្លៃ​ ចូលរួមបម្រេីការងារដោយស្ម័គ្រចិត្តដេីម្បីបន្តពង្រឹងភាពធន់សហគមន៍​ តាមរយៈការជួយដល់ប្រជាពលរដ្ឋនៅមូលដ្ឋានដែលត្រូវការជំនួយជាចាំបាច់​ពេលដែលជួបប្រទះនូវគ្រោះមហន្តរាយនានា​ ឬជំនួយវិជ្ជាសង្គ្រោះបឋមពេលជួបឧបទ្ទុវហេតុផ្សេងៗ ស្របតាមទិសស្លោក​ «កម្លាំងអ្នកស្ម័គ្រចិត្ត​ ប្រសិទ្ធភាពមនុស្សធម៌»​ ក៏ដូចជាទិសស្លោក​ «សកម្មភាពនៅមូលដ្ឋាន​ សម្រេចបានគោលដៅសកល»។ ជាមួយគ្នានេះ​ លោកជំទាវ​ ក៏បានរំលឹកឡេីងពីតួនាទី​ និងភារកិច្ចរបស់អ្នកស្ម័គ្រចិត្ត​ដែលជាកម្លាំងឈានមុខគេនៅមូលដ្ឋាន, គោលការណ៍​គ្រឹះទាំង៧របស់ចលនា​អន្តរជាតិកាកបាទក្រហម​ អឌ្ឍចន្ទក្រហម​, មូលដ្ឋានគ្រឹះនៃវិជ្ជាសង្គ្រោះបឋម​ ក៏ដូចជាវិធានការនានាក្នុងការប្រយុទ្ធទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩​ និងជំងឺឆ្លងរាតត្បាតនានាផងដែរ។

សូមបញ្ជាក់ថា​ ក្រោយពីទទួលវគ្គបណ្តុះបណ្តាល២ថ្ងៃនេះ​ អ្នកស្ម័គ្រចិត្ត​ទាំង​ ២៥នាក់​ បានទទួលនូវ​ វិញ្ញាបនបត្រ​ ឃីតសង្គ្រោះបឋម​ អាវអ្នកស្ម័គ្រចិត្ត​ ក្រមា​ មួក​ វិទ្យុទាក់​ និងឯកសារអប់រំផ្សព្វផ្សាយមួយចំនួនទៀត​ដែលជាចំណេះដឹងថ្មីៗ សម្រាប់បំពេញការងារមនុស្សធម៌ដោយស្ម័គ្រចិត្ត​ នៅក្នុងមូលដ្ឋានរបស់ខ្លួន។

បន្ទាប់ពីកម្មវិធីសំណេះសំណាល​ និងផ្ដាំផ្ញេីជាមួយអ្នកស្ម័គ្រចិត្តខាងលេីនេះ​ ក្រុមការងារកាកបាទក្រហមកម្ពុជា​ ក៏បានចុះសួរសុខទុក្ខ​ និងផ្ដល់អំណោយមនុស្សធម៌ដល់បងប្អូនខ្មែរ-ឥស្លាម​ សរុប ៣១គ្រួសារ​ ដែលរស់នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង​ នេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More